ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
កីឡាជាតិ
វិទ្យុ
សុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
បោះឆ្នោត
លោក គង់ មុនីកា៖ ទោះគោរពមេដឹកនាំចាស់ៗ តែខ្ញុំចង់ធ្វើជាជម្រើសថ្មី សម្រាប់ពលរដ្ឋ
27, Jul 2018 ,
3:05 pm
រូបភាព
×
ដោយ:
រំដួល ចិត្រា (Romdoul Chetra)
ភ្នំពេញ៖ លោក គង់ មុនីកា គឺជាកូនទី៦ របស់លោក គង់ គាំ អតីតមន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំង។ ជានិស្សិតដែលបញ្ចប់ការសិក្សាផ្នែកច្បាប់សាធារណៈ និងទំនាក់ទំនងអន្តរជាតិ លោក គង់ មុនីកា បានសម្រេចចិត្តឈានជើងចូលប្រឡូកក្នុងឆាកនយោបាយ បន្ទាប់ពីឪពុក និងបងប្រុសខ្លួនពីរនាក់ ត្រូវបានតុលាការកំពូល ហាមធ្វើសកម្មភាពនយោបាយ៥ឆ្នាំ។ តាមពិតទៅការធ្វើនយោបាយមិនមែនជាគោលដៅដំបូង របស់លោក គង់ មុនីកា នោះទេ។ ប៉ុន្តែដោយសារពេលវេលាតម្រូវឲ្យខ្លួន ត្រូវដើរតួជាជម្រើសថ្មី ជំនួសឪពុក និងបងប្រុសនោះ ទើបបុរសវ័យជាង៣០ឆ្នាំ ដែលមានឈាមជ័រអ្នកនយោបាយរូបនេះ សម្រេចបង្កើតគណបក្សឆន្ទៈខ្មែរ ដើម្បីបន្តនយោបាយ ក្នុងទិសដៅសម្រេចគោលបំណងឪពុកខ្លួន។
នៅក្នុងផ្ទះថ្មតៀមមួយ ក្នុងទីធ្លាដ៏ធំ ដែលមានលើកស្លាកគណបក្សឆន្ទៈខ្មែរ បុរសម្នាក់ ដែលមានមាឌធំ កំពុងអង្គុយពិភាក្សាការងារ ជាមួយសមាជិកបក្សខ្លួនប្រមាណ៣នាក់ អំពីគោលនយោបាយបក្សមួយចំនួន សម្រាប់ផ្សព្វផ្សាយទៅប្រជាពលរដ្ឋ។ ផ្ទះថ្មតៀមមួយនេះ ពីមុនគឺជាអតីតទីស្នាក់ការគណបក្សសម រង្ស៊ី (១៩៩៥-២០១២) ប៉ុន្តែនៅពេលនេះ វាក្លាយជាទីស្នាក់ការរបស់គណបក្សឆន្ទៈខ្មែរ ដែលដឹកនាំលោក គង់ មុនីកា កូនប្រុសពៅរបស់លោក គង់ គាំ អតីតមន្ត្រីគណបក្សប្រឆាំងនេះ។ ក្នុងសភាពហាក់ដូចជាហត់នឿយ និងរវល់ភារកិច្ចបោះឆ្នោតក្តី ប៉ុន្តែលោក គង់ មុនីកា ក៏នៅតែឆ្លៀតពេលមកផ្ដល់កិច្ចសម្ភាសដល់អ្នកសារព័ត៌មានថ្មីៗ អំពីគោលបំណងដែលខ្លួន ឈានជើងចូលឆាកនយោបាយ។
សម្រាប់លោក គង់ មុនីកា ការបង្កើតគណបក្សនយោបាយ ដើរតួជាគណបក្សប្រឆាំង ជំនួសអតីតគណបក្សសង្គ្រោះជាតិ ដែលត្រូវបានតុលាការរំលាយកន្លងមកនេះ គឺមិនមែនដោយសារលោក ស្អប់លោក សម រង្ស៊ី និងសម្ដេច ហ៊ុន សែន ទេ ប៉ុន្តែលោក ចង់ក្លាយជាជម្រើសថ្មី សម្រាប់ប្រជាពលរដ្ឋ ។
ឪពុក និងបងប្រុសខ្ញុំ មិនដែលជំរុញឲ្យខ្ញុំធ្វើនយោបាយទេ ប៉ុន្តែពេលវេលាបង្ខំ
«ដោយសារខ្ញុំមានឈាមជ័រ ជាអ្នកនយោបាយផង ហើយខ្ញុំក៏ជាអ្នកចូលចិត្តតាមដាននយោបាយតាំងពីដើម ដ្បិតខ្ញុំមិនសូវចេញមុខ ចេញមាត់ក្តី ទើបធ្វើឲ្យខ្ញុំមានចំណាប់អារម្មណ៍ធ្វើនយោបាយហ្នឹង»។ នេះជាការបកស្រាយរបស់លោក គង់ មុនីកា ដែលមានបំណងចង់បន្តនយោបាយរបស់ឪពុក និងបងប្រុសខ្លួន ។ បំណងចង់ធ្វើនយោបាយរបស់លោក គង់ មុនីកា នេះ គឺកើតចេញពីពេលវេលានៃនយោបាយក្ដៅ ស្របពេលដែលលោក គង់ គាំ ជាឪពុក និងបងប្រុសខ្លួនពីរនាក់ គឺលោក គង់ បូរ៉ា និងលោក គង់ សភា ត្រូវបាត់បង់សិទ្ធិធ្វើសកម្មភាពនយោបាយរយៈពេល៥ឆ្នាំ តាមអំណាចរបស់តុលាការកំពូល។
នៅពេលសួរថា តើលោក ឈានជើងចូលក្នុងវិស័យនយោបាយ ដោយសារឪពុកលោក និងគ្រួសារបង្ខំមែនទេ? លោក គង់ មុនីកា ញញឹមបន្តិចហើយឆ្លើយតបភ្លាមៗថា ឪពុក និងបងប្រុសលោក មិនដែលជំរុញឲ្យលោកធ្វើនយោបាយទេ ប៉ុន្តែពេលវេលាទៅវិញទេ ដែលជាអ្នកបង្ខំលោកឲ្យឈានជើងចូលនយោបាយ បន្តក្តីស្រមៃរបស់ឪពុកខ្លួន។
បុរសវ័យជាង៣០ឆ្នាំ សប្បុរស មានមាឌធំរូបនេះ បាននិយាយដូច្នេះថា៖«ក្នុងក្រុមគ្រួសារខ្ញុំមាន៣នាក់ហើយ ដែលជាប់បម្រាមនយោបាយរយៈពេល៥ឆ្នាំ ដែលមានលោកឪពុក និងបងប្រុសខ្ញុំ២នាក់ ដូច្នេះពួកគាត់មិនមានសិទ្ធិអ្វីដែលអាចរួមចំណែកធ្វើនយោបាយជាមួយគណបក្សឆន្ទៈខ្មែរអ្វីទេ ប៉ុន្តែយើងត្រូវការជាយោបល់ ជាបទពិសោធន៍ពីគាត់ ចំពោះខ្ញុំ ជាឪពុកនិងកូន ជាបងនិងប្អូន ចៀសមិនផុតពីសុំយោបល់ពីគាត់ថា គួរធ្វើយ៉ាងម៉េចយ៉ាងណា គឺគ្រាន់តែសុំជាបទពិសោធន៍ទេ។ ក៏ប៉ុន្តែពួកគាត់មិនមែនជាអ្នកដែលជំរុញឲ្យយើងធ្វើជាអ្នកដឹកនាំគណបក្សនយោបាយនោះទេ»។
ក្តីស្រមៃចង់ក្លាយជាគណបក្សឈ្នះឆ្នោតដឹកនាំរដ្ឋាភិបាល ហាក់នៅលើដំណើរផ្លូវវែងឆ្ងាយទៀត។ ដ្បិតអ្វីគណបក្សឆន្ទៈខ្មែរ ដែលបង្កើតឡើងដោយលោក គង់ មុនីកា កូនអតីតមន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំងនេះ ហាក់នៅក្មេងខ្ចី ហើយគ្រាន់តែមានក្តីរំពឹងលើអ្នកគាំទ្រអតីតគណបក្សសង្គ្រោះជាតិ។ លោក គង់ មុនីកា ដែលដឹងពីចំណុចនេះ បាននិយាយថា គណបក្សឆន្ទៈខ្មែរ ត្រូវប្រើពេលវេលាយូរទៀត ដើម្បីឈរជើងឲ្យរឹងមាំ ក្លាយទៅជាគណបក្សប្រឆាំងមួយ ដែលអាចផ្ដល់ក្តីទុកដល់ពលរដ្ឋ នោះទើបអាចទទួលបានការគាំទ្រពីពួកគេ ដើម្បីឈានទៅដឹកនាំរដ្ឋាភិបាលនាពេលអនាគត។
ខ្ញុំគោរពការដឹកនាំរបស់លោក សម រង្ស៊ី និងសម្ដេច ហ៊ុន សែន ប៉ុន្តែខ្ញុំចង់ធ្វើជាជម្រើសថ្មី សម្រាប់ពលរដ្ឋ
គិតមកដល់ពេលនេះ វាមានរយៈពេលជាង២ខែហើយ ដែលលោក គង់ មុនីកា ស្គាល់រសជាតិជីវិតនៅក្នុងវិស័យនយោបាយ។ ការទាញប្រជាប្រិយភាព ទាញការគាំទ្រ និងជំនឿចិត្តពីពលរដ្ឋ គឺជាភារកិច្ចថ្មី ដែលលោក គង់ មុនីកា ត្រូវបំពេញឲ្យបានខ្លាំងដូចឪពុក និងបងប្រុសខ្លួន ដែលធ្លាប់ជាអតីតអ្នកនយោបាយគណបក្សសង្គ្រោះជាតិកន្លងមក។ ដ្បិតមិនទាន់ឈានជើងកប់ជ្រៅក្នុងនយោបាយក្ដី ប៉ុន្តែកិច្ចការងារជាច្រើនដែលលោក គង់ មុនីកា បានរៀនសូត្រពីឪពុក និងបងប្រុសខ្លួននោះ គឺការត្រៀមដោះស្រាយបញ្ហាប្រជាពលរដ្ឋ តាមរយៈការប្រមូលទុក្ខលំបាករបស់ពួកគេ យកទៅដោះស្រាយ។ សម្រាប់លោក គង់ មុនីកា ការធ្វើនយោបាយរបស់ឪពុក និងបងប្រុសលោក រួមទាំងមេដឹកនាំអតីតគណបក្សប្រឆាំងលោក សម រង្ស៊ី (លើកយកឈ្មោះលោក សម រង្ស៊ី ជាគោល)កន្លងមក គឺបានជួយដោះស្រាយបញ្ហាពលរដ្ឋ និងបញ្ហាជាតិច្រើន ដែលមិនអាចប្រកែកបាន។
ប៉ុន្តែនិយាយបែបនេះ មិនមែនមានន័យថា លោក គង់ មុនីកា ឲ្យតម្លៃការដឹកនាំរបស់លោក សម រង្ស៊ី ខ្លាំងជាងសម្ដេច ហ៊ុន សែន ឡើយ ហើយក៏មិនមែនឲ្យតម្លៃសម្ដេច ហ៊ុន សែន ខ្លាំងជាងលោក សម រង្ស៊ី ដែរ។ ក្នុងក្រសែភ្នែករបស់អ្នកនយោបាយវ័យក្មេងរូបនេះ ទាំងលោក សម រង្ស៊ី និងសម្ដេច ហ៊ុន សែន សុទ្ធតែមានគោលនយោបាយដឹកនាំល្អរៀងៗខ្លួន ប៉ុន្តែគ្រាន់តែអ្នកនយោបាយជើងចាស់ទាំងពីរនេះ មិនចេះប្រើឱកាសដោះស្រាយបញ្ហាជាតិរួមគ្នាប៉ុណ្ណោះ។ ដោយសារតែចំណុចនេះហើយ ទើបបានជាលោក គង់ មុនីកា សម្រេចចិត្តបង្កើតគណបក្សឡើងមក ដើម្បីផ្ដល់ជាជម្រើសថ្មីសម្រាប់ពលរដ្ឋ។
«ជាយុវជនស្រករក្រោយ យើងមិនចង់ឃើញគំរូមិនល្អ ពីអ្នកនយោបាយចាស់ៗទេ ចំណុចល្អយើងទទួលយកទាំងអស់ ។ យើងគោរពនូវវីរៈភាពរបស់អ្នកដឹកនាំរដ្ឋាភិបាល (រដ្ឋាភិបាលសម្ដេច ហ៊ុន សែន) យើងគោរពនូវវីរៈភាពរបស់មេដឹកនាំគណបក្សប្រឆាំង (សំដៅលើលោក សម រង្ស៊ី) ដែលជួយឲ្យមានលទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស ហើយពលរដ្ឋបានស្គាល់សិទ្ធិកន្លងមក។ ខ្ញុំពិតជាគោរពនូវវីរៈភាពរបស់ពួកគាត់។ ប៉ុន្តែពួកគាត់មានចំណុចមួយចំនួនដែលខ្ញុំមើលឃើញនោះ គឺមិនបានប្រកួតប្រជែងគ្នា ដោយឈរនៅលើគោលនយោបាយអភិវឌ្ឍន៍ប្រទេសជាតិ ហើយបែរជាយកឈ្នះ-ចាញ់គ្នាលើរឿងបុគ្គល លាបពណ៌គ្នារវាងខ្មែរ និងខ្មែរ»។ នេះជាការមើលឃើញរបស់ប្រធានគណបក្សឆន្ទៈខ្មែរ ដែលប្ដេជ្ញាថា គណបក្សលោក នឹងចូលរួមប្រកួតប្រជែងនយោបាយ ដោយឈរលើគោលការណ៍ផ្សះផ្សារជាតិ និងបង្រួបបង្រួមជាតិ ដើម្បីដំណើរការអភិវឌ្ឍប្រទេស។
ចង់បង្រៀនឲ្យយុវជនចូលរួមនយោបាយក្នុងភាពត្រឹមត្រូវ
ខណៈកំណើនយុវជន មានចំនួន៦៥ភាគរយ នៃចំនួនប្រជាជនទូទាំងប្រទេសនោះ ភាគច្រើនពួកគេបាននាំគ្នាឈានជើងក្នុងវិស័យនយោបាយ តាមរយៈការគាំទ្រគណបក្សនយោបាយដែលពួកគេពេញចិត្ត។ ចលនាយុវជនក្នុងវិស័យនយោបាយ ជារឿងមួយចាំបាច់ ដែលមិនអាចខ្វះបាន នៅក្នុងសង្គមជាតិទូទាំងសាកលលោក មិនថាតែកម្ពុជានោះទេ។ ប្រទេសជាតិរីកចម្រើន ក៏ដោយសារតែមានយុវជនជាសសរទ្រូងជាតិ ប៉ុន្តែបើជាតិប្រេះស្រាំនោះ ក៏ដោយសារតែយុវជនបែកបាក់សាមគ្គីផងដែរ។ វាជាបញ្ហាមួយ ដែលលោក គង់ មុនីកា កំពុងព្រួយបារម្ភ។
ប្រធានគណបក្សឆន្ទៈខ្មែររូបនេះ បានមើលឃើញថា អ្នកនយោបាយជើងចាស់ តែងតែប្រើប្រាស់យុវជនជាឈ្នាន់នយោបាយខ្លួន តាមរយៈការប្រកួតឈ្នះ-ចាញ់ ជាលក្ខណៈបុគ្គល ដោយការលាបពណ៌គ្នាទៅវិញទៅមក ថាអ្នកនេះល្អ ឬអ្នកនោះអាក្រក់។ ទម្លាប់នយោបាយបែបនេះ នឹងធ្វើឲ្យយុវជនបែកបាក់គ្នា ឈ្លោះប្រកែកគ្នាដោយសារកាន់ជើងអ្នកនយោបាយរៀងៗខ្លួន ហើយប្រទេសជាតិ នឹងប្រឈមហានិភ័យ។ សម្រាប់លោក មុនីកា ការធ្វើនយោបាយបែបអភិវឌ្ឍជាតិ នឹងអាចជួយឲ្យយុវជនរឹងមាំ ក្លាយជាមេដឹកនាំល្អ សម្រាប់ប្រទេសជាតិ។
អង្គុយនៅក្នុងសាឡុងឈើ ក្នុងការិយាល័យនៃស្នាក់ការគណបក្សឆន្ទៈខ្មែរ អ្នកនយោបាយវ័យក្មេងរូបនេះ បានបញ្ជាក់ដូច្នេះថា៖«យើងត្រូវស្គាល់អ្វីជាសិទ្ធិ យើងកុំធ្វើអ្វីដែលវាជ្រុលហួស ឬក៏លាបពណ៌គ្នារវាងខ្មែរ និងខ្មែរ។ យើងត្រូវផ្ដល់ឲ្យយុវជនរួមចំណែកកសាងប្រទេស យើងកុំរារាំង និងចោទគ្នាទៅវិញទៅមក។ ដូច្នេះក្នុងនាមខ្ញុំជាអ្នកនយោបាយជំនាន់ក្រោយ ខ្ញុំនឹងធ្វើចិត្តឲ្យទូលាយ ព្រោះយើងបានឃើញបទពិសោធន៍របស់អ្នកនយោបាយជើងចាស់រួចហើយ ការចង្អៀតចង្អល់ដាក់គ្នាវាមិនល្អទេ។ ដូច្នេះយុវជន ក៏ត្រូវរៀនបើកចិត្តឲ្យទូលាយដែរ។ កាលណាយើងបើកចិត្តឲ្យទូលាយ គំនិតយើងកាន់តែទូលាយ យើងនឹងមានលំហរច្រើនក្នុងការជ្រើសរើស ហើយអាចប្រើប្រាស់សិទ្ធិកាន់តែទូលាយ»។
បើតាមលោក គង់ មុនីកា គំរូមេដឹកនាំល្អ នឹងអាចបណ្ដុះគ្រាប់ពូជធនធានមនុស្សល្អ សម្រាប់ប្រទេសជាតិ។
ពីមន្ត្រីទូត និងព្រឺទ្ធសភា ក្លាយជាអ្នកនយោបាយ
កើតនៅឆ្នាំ ១៩៨០ កុមារ គង់ មុនីកា គឺជាកូនទី៦ នៅក្នុងគ្រួសារមួយ រស់នៅទីក្រុងភ្នំពេញ ដែលមានឪពុក ជាអតីតអ្នកនយោបាយ។ យុវជន គង់ មុនីកា ដែលសិស្សពូកែផ្នែកគណិតវិទ្យា និងអក្សរសាស្ត្រខ្មែរ បានបញ្ចប់ការសិក្សាសញ្ញាបត្របឋមសិក្សាទុតិយសភូមិ នៅឆ្នាំ១៩៩៦ ហើយបានបន្តសិក្សាបញ្ចប់ការថ្នាក់បរិញ្ញាបត្រច្បាប់សាធារណៈ នៅសាកលវិទ្យាភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច នៅឆ្នាំ២០០១ មុននឹងបន្តសិក្សាបញ្ចប់ថ្នាក់អនុបណ្ឌិត ផ្នែកទំនាក់ទំនងអន្តរជាតិ នៅសាកលវិទ្យាល័យម៉ូណាស់ (Monash University) ប្រទេសអូស្ត្រាលី នៅក្នុងឆ្នាំ២០០៥។
ក្រោយបញ្ចប់ការសិក្សានៅអូស្ត្រាលី យុវជន គង់ មុនីកា បានត្រឡប់មកកម្ពុជាវិញ ដោយចូលបម្រើការងារជាមន្ត្រី ក្នុងអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាមួយរយៈពេលខ្លី មុននឹងបន្តការសិក្សាបញ្ចប់ជំនាញច្បាប់អន្តរជាតិ ថ្នាក់អនុបណ្ឌិត នៅប្រទេសសិង្ហបុរី ក្នុងឆ្នាំ២០១០។ បន្ទាប់ពីបញ្ចប់ការសិក្សាបរិញ្ញាបត្រអនុបណ្ឌិតទី២នេះ លោក គង់ មុនីកា បានវិលមកចូលបម្រើការងារនៅតាមអង្គការ និងបណ្ដាទូតមួយចំនួន (សុំមិនបញ្ចេញឈ្មោះទីកន្លែង) ប្រចាំកម្ពុជាវិញ អស់រយៈជាង៧ឆ្នាំមកនេះ ទើបសម្រេចឈានជើងឆាកនយោបាយ ដោយបង្កើតគណបក្សឆន្ទៈខ្មែរ នៅចុងខែឧសភា ឆ្នាំ២០១៨នេះ។
«ឆ្លៀតនៅក្នុងពេលដែលស្ថានភាពនយោបាយផុយស្រួយបែបនេះ យើងក៏សោកស្ដាយដែលគណបក្សសង្គ្រោះជាតិ មិនអាចចូលរួមការបោះឆ្នោត ហើយយើងដែលមានឈាមជ័រជាអ្នកប្រជាធិបតេយ្យដូចគ្នា ទើបយល់ឃើញថា យើងមិនអាចបណ្ដែតបណ្ដោយឲ្យគណបក្សកាន់អំណាច កាន់អំណាចតែឯងជិះសេះលែងដៃបានទេ។ ហើយយើងក៏មិនអាចបណ្ដោយឲ្យឆន្ទៈប្រជាពលរដ្ឋកន្លងមក ថមថយដោយគ្មានការទទួលខុសត្រូវ។ ដូច្នេះយើងឲ្យឱកាសនេះ ដែលបក្សយើងក្លាយជាជម្រើសថ្មីរបស់ប្រជាពលរដ្ឋ។ យើងនឹងអាចចូលរួមក្នុងនាមជាអ្នកនយោបាយស្រករក្រោយ ដើម្បីអភិវឌ្ឃន៍ប្រទេសតាមបែបផែនប្រជាធិបតេយ្យ»។ នេះជាការបញ្ជាក់របស់លោក គង់ មុនីកា ដែលរំពឹងថា គណបក្សលោក នឹងអាចទទួលបានការគាំទ្រពីប្រជាពលរដ្ឋ ឈានទៅដឹកនាំរដ្ឋាភិបាល ដើម្បីសម្រេចបំណងរបស់ឪពុកខ្លួនកន្លងមក៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
គង់ មុនីការ
គង់ គាំ
បោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
ពាក្យថា«បញ្ញវ័ន្ត បញ្ញវន្ត បញ្ញាវន្ត បញ្ញាវ័ន្ត» តើសរសេរមួយណាទើបត្រឹមត្រូវ?
4 ម៉ោង
តើពាក្យ«ប្រមាថ និងប្រមាទ» មានន័យខុសគ្នាដូចម្តេច?
1 ថ្ងៃ
«លទ្ធភាព» មានន័យខុសគ្នាពី «សមត្ថភាព» បែបណា?
ភ្នំពេញ
5 ថ្ងៃ
«និស្ស័យ» និង «ឧបនិស្ស័យ» ជាភាសាបាលី បញ្ជាក់ន័យខុសគ្នាបែបណា?
1 សប្តាហ៍
«ចរិត,ចារឹក និងចារិក» មានន័យខុសគ្នាដូចម្តេច?
2 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម