ជាតិ
លោក គង់ គាំ៖ លោក កឹម សុខា ដឹងចិត្ត សម រង្ស៊ី ថាចង់ធ្វើអ្វីទៅលើគាត់ ឯកឧត្តម សម រង្ស៊ី ឯកឧត្តម កឹម សុខា លោក គង់ គាំ ពេលទៅសួរសុខទុក្ខលោក ញ៉យ ចំរើន ដែលរងរបួសកាលពីឆ្នាំ២០១៥
× ភ្នំពេញ៖ «ដោះលែង ឬ មិនដោះលែង» ! នេះគឺជាការភ្នាល់គ្នារវាងលោក សម រង្ស៊ី ជាមួយសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ជុំវិញការឃុំខ្លួនរបស់លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ។ ការភ្នាល់គ្នានេះ មិនបានផ្ដល់ផលចំណេញក្នុងរឿងនយោបាយឡើយ ប៉ុន្តែវាធ្វើឲ្យលោក កឹម សុខា ខកចិត្តទៅវិញ។ នេះជាការយល់ឃើញរបស់លោក គង់ គាំ អតីតមន្ត្រីជាន់ខ្ពស់គណបក្ស សម រង្ស៊ី ដែលបានសរសេរលើហ្វេសប៊ុក។
ករណីឃុំខ្លួនលោក កឹម សុខា ត្រូវបានអតីតមេដឹកនាំគណបក្សប្រឆាំងលោក សម រង្ស៊ី យកមកភ្នាល់ជាមួយសម្ដេច ហ៊ុន សែន ថា បើគ្មានការដោះលែងលោក កឹម សុខា នៅចុងឆ្នាំ២០១៨ ឬយ៉ាងយូរខែមីនា ឆ្នាំ២០១៩ ទេ នោះលោកនឹងចូលខ្លួនឲ្យអាជ្ញាធរចាប់ខ្លួន។ ដោយចង់យកចាញ់-ឈ្នះគ្នានោះ សម្ដេច ហ៊ុន សែន បានតបវិញថា សម្ដេច សុខចិត្តចុះចេញពីតំណែង បើលោក កឹម សុខា ត្រូវបានតុលាការដោះលែង។
ប៉ុន្តែការភ្នាល់គ្នានេះ ត្រូវបានអតីតអ្នកនយោបាយជើងចាស់ ហើយក៏ជាមន្ត្រីជាន់ខ្ពស់គណបក្ស សម រង្ស៊ី គឺលោក គង់ គាំ វាយតម្លៃថា លោក សម រង្ស៊ី កំពុងបង្កាត់ភ្លើងនយោបាយបន្ថែម ដោយមិនបានផ្ដល់ផលចំណេញក្នុងរឿងនយោបាយឡើយ ។ សម្រាប់លោក គង់ គាំ លោក សម រង្ស៊ី កំពុងធ្វើឲ្យលោក កឹម សុខា ខកចិត្តទៅវិញទេ។ មូលហេតុដែលលោក គង់ គាំ លើកឡើងបែបនេះ ដោយសារលោកមើលឃើញថា លោក សម រង្ស៊ី ទំនងខ្លាចលោក កឹម សុខា អាចត្រូវបានដោះលែង នៅពេលខាងមុខ ហើយខ្លួនត្រូវបានគេទុកចោលក្រៅកញ្ចប់នយោបាយនោះ ទើបលោក សម រង្ស៊ី បង្កើតរឿងនេះឡើង ដើម្បីឲ្យបញ្ហានយោបាយនៅតែបន្តកើតមាន។
ថ្លែងប្រាប់សារព័ត៌មានថ្មីៗ អតីតមន្ត្រីជាន់ខ្ពស់គណបក្ស សម រង្ស៊ី រូបនេះ បាននិយាយដូច្នេះថា៖«ខ្ញុំគាំទ្រលោក កឹម សុខា ដែលគាត់ធ្លាប់ស្និទស្នាលជាមួយលោក សម រង្ស៊ី ដែលគាត់ថា លោក សម រង្ស៊ី យកគាត់ទៅធ្វើជាល្បែងភ្នាល់នេះ គឺគាត់ដឹងចិត្ត សម រង្ស៊ី ថាចង់ធ្វើអ្វីទៅលើគាត់ និងចង់ធ្វើអ្វីទៅលើជាតិហើយ»។
នៅពេលសួរថា បើគ្មានការដោះលែងលោក កឹម សុខា ទេ តើលោក សម រង្ស៊ី នឹងឲ្យគេចាប់ខ្លួន ដូចការភ្នាល់ដែរទេ? អតីតមន្ត្រីជាន់ខ្ពស់បក្សប្រឆាំង ដែលស្និទជាមួយលោក សម រង្ស៊ី រូបនេះ បាននិយាយថា លោក សម រង្ស៊ី ក៏គ្មានឆន្ទៈ ក្លាហានឲ្យគេចាប់ខ្លួន ដូចពាក្យភ្នាល់គ្នានោះទេ។ «ខ្ញុំគ្មានជំនឿទេ អ្នក(លោក សម រង្ស៊ី)ដែលថា នឹងចូលខ្លួនឲ្យសមត្ថកិច្ចចាប់អនុវត្តទោសហ្នឹង ដោយសារតែខ្លួននៅក្រៅប្រទេស…។ បើសិនជាគាត់(សម រង្ស៊ី) ចាញ់ គាត់មកធ្វើអ្វីគាត់ គាត់គ្មានទេ ឆន្ទះក្លាហានអ្វីមកទទួល(ទោស)នោះទេ»។
កាលពីពេលថ្មីៗនេះ ក្រុមមេធាវី ការពារក្តីលោក កឹម សុខា បានចេញមកនិយាយថា ការដោះលែង ឬ ការលើកលែងបទចោទប្រកាន់ចំពោះលោក កឹម សុខា គឺជាសមត្ថកិច្ចរបស់តុលាការ មិនមែនស្ថិតក្រោមការភ្នាល់របស់សម្តេច ហ៊ុន សែន និង លោក សម រង្ស៊ី នោះទេ។ មេធាវីទាំងនោះ អំពាវនាវឲ្យអ្នកនយោបាយ ប្រកាន់ខ្ជាប់នូវគុណធម៌និងសីលធម៌ សម្រាប់អ្នកជំនាន់ក្រោយ ហើយគប្បីដង្ហែតាមព្រះបរមរតនកោដ្ឋ និងព្រះមហាក្សត្របច្ចុប្បន្ន ដែលមានព្រះរាជឱង្ការឲ្យខ្មែរគ្រប់រូប រួបរួមគ្នា ក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយ៕
Tag:
គង់ គាំ
ហ៊ុន សែន
សម រង្ស៊ី
កឹម សុខា
© រក្សាសិទ្ធិដោយ thmeythmey.com