ជាតិ
បទយកការណ៍ / បទសម្ភាសន៍
លោក គង់ សភា៖ អតីតតំណាងរាស្ត្រ CNRP នៅក្រៅប្រទេស នឹងចូលឲ្យចាប់ខ្លួន ដូចលោក សម រង្ស៊ី បើភ្នាល់ចាញ់សម្ដេច ហ៊ុន សែន
× ភ្នំពេញ៖ លោក សម រង្ស៊ី និងក្រុមអតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិជាច្រើនរូប ដែលបាននិរទេសខ្លួននៅក្រៅប្រទេស នឹងធ្វើដំណើរចូលទៅកាន់ប្រទេសកម្ពុជាវិញ នាពេលខាងមុខនេះ។ នេះជាការលើកឡើងរបស់លោក គង់ សភា អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ដែលប្រាប់ឲ្យពលរដ្ឋនៅកម្ពុជា ដែលគាំទ្រគណបក្សសង្គ្រោះជាតិ ត្រៀមខ្លួនទទួលលោក សម រង្ស៊ី និងក្រុមខ្លួន។
ថ្លែងពីប្រទេសកាណាដា លោក គង់ សភា ដែលកំពុងរស់នៅទីនោះជាច្រើនខែមកហើយនេះ បានប្រាប់ថា ការចូលមកកម្ពុជាវិញ ដើម្បីឲ្យអាជ្ញាធរចាប់ខ្លួន គឺធ្វើឡើងតាមរយៈការភ្នាល់គ្នារវាងលោក សម រង្ស៊ី និងសម្ដេច ហ៊ុន សែន ក្នុងករណីដែលគ្មានការដោះលែងលោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ។
សូមលោក-អ្នកនាង ស្ដាប់កិច្ចសម្ភាសរវាងលោក រំដួល ចិត្រា អ្នកសារព័ត៌មានថ្មីៗ ជាមួយលោក គង់ សភា អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ដូចតទៅ៖
បើទោះជាគ្មានអ្នកជឿថា លោក សម រង្ស៊ី ហ៊ានចូលឲ្យអាជ្ញាធរកម្ពុជាចាប់ខ្លួន ដូចជាការភ្នាល់ក្តី ក៏លោក គង់ សភា មិនគិតដូចគេដែរ។ សម្រាប់លោក គង់ សភា ដែលសុខចិត្តនិរទេសខ្លួនទៅក្រៅប្រទេសតាមលោក សម រង្ស៊ី នេះ ជឿជាក់ថា អតីតថ្នាក់ដឹកនាំបក្សប្រឆាំងរូបនេះ នឹងអនុវត្តតាមការសន្យា ដែលមនុស្សគ្រប់គ្នានឹងស្មានមិនដល់ ។
បើតាមលោក សភា ការដាក់សេរីភាពរបស់លោក សម រង្ស៊ី មកភ្នាល់ជាមួយសម្ដេច ហ៊ុន សែន ជុំវិញការដោះលែងលោក កឹម សុខា នេះ គឺយុទ្ធសាស្ត្ររបស់លោក សម រង្ស៊ី ក្នុងការចូលមកប្រទេសកម្ពុជាវិញ ដើម្បីបង្ហាញពីឆន្ទៈនយោបាយពិតប្រាកដគាត់ ក្នុងទិសដៅស្វែងរកច្រកចេញនយោបាយ។
លោក គង់ សភា ដែលជឿជាក់លើឆន្ទៈលោក សម រង្ស៊ី ហ៊ានអះអាងព្រឹត្តិការណ៍នយោបាយ នឹងកើតឡើងនៅដើមខែមីនា ឆ្នាំ២០១៩ខាងមុខ៕
Tag:
គង់ សភា
សម រង្ស៊ី
កឹម សុខា
ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com